- ទំព័រដើម /
- ផែនការមេ
ផែនការមេភ័ស្តុភារកម្មថ្នាក់ជាតិរបស់ប្រទេសកម្ពុជា
ដើម្បីជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចជាតិ, ការកែលម្អប្រព័ន្ធភ័ស្តុភារកម្មនៅកម្ពុជា គឺជាកត្តាដ៏សំខាន់ក្នុងចំណោមផែនការអភិវឌ្ឍន៍នៅកម្ពុជា។ ការបង្កើនសក្តានុពលអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ, ការជំរុញការវិនិយោគក្នុងប្រទេស និងការធ្វើឱ្យប្រសើរឡើងវិញនូវទីតាំងឧស្សាហកម្មតាមរបៀងសេដ្ឋកិច្ច គឺពិតជាមានភាពចាំបាច់ណាស់ ដើម្បីសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សហកម្មកម្ពុជា (IDP)” ដើម្បីពន្លឿនការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មពីឧស្សាហកម្មអតិពលកម្មធម្មតាទៅឧស្សាហកម្មបច្ចេកវិទ្យា ដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ចក្នុង រយៈពេលមធ្យម និងវែង និងបានផ្តល់អាទិភាពដល់ការបង្កើតផែនការមេភ័ស្តុភារកម្មសម្រាប់ការកែលម្អប្រព័ន្ធភ័ស្តុភារកម្ម និងការអនុវត្តគម្រោងអាទិភាពរយៈពេលខ្លីដែលបានកំណត់ក្នុងផែនការមេនេះ។
គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សហកម្មកម្ពុជា (IDP) ក៏បានបញ្ជាក់អំពីតម្រូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើតផែនការមេដឹកជញ្ជូន និងភ័ស្តុភារកម្មដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ដោយឡែក របាយការណ៍ការសិក្សាផែនការមេស្តីពីការកែលម្អប្រព័ន្ធភ័ស្តុភារកម្មនៅព្រះរាជាណាចក្រកម្ពុជា ២០១៨-២០២៥ ដែលរៀបចំឡើងដោយ JICA និងធនាគារពិភពលោក មិនបានរួមបញ្ចូលគ្រប់គម្រោងដឹកជញ្ជូនក្នុងវិសាលភាពនៃការសិក្សារបស់គេទេ។ អាស្រ័យហេតុនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរៀបចំបង្កើតផែនការមេថ្នាក់ជាតិ ស្តីពីការដឹកជញ្ជូន និងភ័ស្តុភារកម្ម (NTLMP) និងបានដាក់ឆ្លងក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម ដែលរួមមាន ៥ផ្នែកគឺ៖ ផែនការមេស្តីពីបណ្តាញផ្លូវថ្នល់ ផែនការមេស្តីពីផ្លូវដែក ផែនការមេស្តីពីផ្លូវទឹក ផែនការមេស្តីពីកំពង់ផែ និងផែនការមេស្តីពីភ័ស្តុភារកម្ម។ បន្ទាប់មក ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មបានកែសម្រួលឈ្មោះ (NTLMP) ទៅជា ផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្ម (ITC-LS-MP) និងអនុម័តឱ្យប្រើប្រាស់ផ្ទៃក្នុងជាផ្លូវការចាប់ពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។
ការបង្កើតផែនការមេនេះ ទទួលបានកម្លាំងរុញច្រានពីគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (IDP) ដែលបានសង្កត់ធ្ងន់លើការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលពឹងផ្អែកទៅលើបច្ចេកវិទ្យា។ ដើម្បីសម្រេចឱ្យបាននូវការផ្លាស់ប្តូរបែបនេះ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មបានសង្កត់ធ្ងន់លើវិធានការជាគោលនយោបាយសំខាន់ៗចំនួន ០៤ គឺ៖ (១) ការពង្រឹងការតភ្ជាប់ជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់សាកល (២) ការធ្វើសមាហរណកម្មជាមួយបណ្តាញឧស្សាហកម្មនៅក្នុងតំបន់មេគង្គ (៣) ការបង្កើតបណ្ដុំឧស្សាហកម្មដែលនឹងបង្កើនការប្រកួតប្រជែង និងផលិតភាព និង (៤) ការអភិវឌ្ឍគោលនយោបាយ ដែលផ្តោតសំខាន់ទៅលើគំនិតផ្តួចផ្តើមឆ្ពោះទៅរកឧស្សាហកម្មដែលពឹងផ្អែកទៅលើបច្ចេកវិទ្យា និងចំណេះដឹង។