MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

សិក្ខាសាលា​ស្ដីពី​សមិទ្ធផល​នានា​នៃ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ភ័ស្តុភារកម្ម​កម្ពុជា ជំហាន​ទី​២

០៥ មិថុនា ២០២៣

ថ្ងៃចន្ទ ២​រោច ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ចស័ក ព​.ស ២៥៦៧ ត្រូវនឹង​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២៣ លោកជំទាវ​រដ្ឋលេខាធិការ កុយ សុដានី តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​សមិទ្ធផល​នានា​នៃ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ភស្តុភារ​កម្ម​កម្ពុជា ជំហាន​ទី​២ (Wrap-up Workshop on Achievement of Project for Improving the Logistics System of Cambodia- Phase 2) ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា សមាជិក សមាជិកា ដែល​ជា​តំណាង​ក្រសួង​-​ស្ថាប័ន ក្រុមហ៊ុន សមាគម និង​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ​ផងដែរ​។

សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ចែករំលែក និង​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល និង​លទ្ធផល​នានា នៃ​ការអនុវត្ត​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ភស្តុភារ​កម្ម​កម្ពុជា​ជំហាន​ទី​២ តាមរយៈ​ការធ្វើ​បទបង្ហាញ​របស់​អ្នកជំនាញ​តាម​ក្រុម​ប្រតិបត្តិការងារ នៃ​គម្រោង​នីមួយ​ៗ ក្នុង​នោះ​រួមមាន​ចំនួន​៨៖ (​១​) ក្រុម​ប្រតិបត្តិការងារ​ភស្តុភារ​កម្ម​បៃតង​ (Green Logistics)

(​២​) ក្រុម​ប្រតិបត្តិការងារ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ត្រជាក់ (Cold Chain)

(​៣​) ក្រុម​ប្រតិបត្តិការងារ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​តំបន់

(​៤​) ក្រុម​ប្រតិបត្តិការងារ​ទំនើបកម្ម​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ (Truck Modernization)

(​៥​) ក្រុម​ប្រតិបត្តិការងារ​បម្រែបម្រួល​អាកាសធាតុ

(​៦​) ក្រុម​ប្រតិបត្តិការងារ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ (Monitoring ​& Evaluation) គ្រប់គ្រង​ទិន្នន័យ​ភស្តុភារ​កម្ម

(​៧​) បណ្តាញ​ភស្តុភារ​កម្ម​ឆ្លងកាត់​ព្រំដែន និង​ទស្សនកិច្ច​សិក្សា

(​៨​) ក្រុម​ប្រតិបត្តិការងារ​ធ្វើឱ្យ​ប្រសើរឡើង​ច្រកទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ កម្ពុជា​-​វៀតណាម (Vietnam and Thailand Border Points Improvement)​។

ការអនុវត្ត​គម្រោង​លើក​នេះ មាន​សកម្មភាព និង​ឯកសារ​ជាច្រើន​ត្រូវបាន​រៀបចំឡើង និង​បញ្ចប់​ដូចជា ឯកសារ​គោលនយោបាយ គោលការណ៍​ណែនាំ ផែនការ​សកម្មភាព​ផ្សេង​ៗ​ទាក់ទង​នឹង​ភស្តុភារ​កម្ម​បៃតង ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ត្រជាក់ មជ្ឈមណ្ឌល​ភស្តុភារកម្ម​តំបន់ ទំនើបកម្ម​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ បម្រែបម្រួល​អាកាសធាតុ ទិន្នន័យ​ភស្តុភារ​កម្ម របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩ និង​២០២០ របាយការណ៍​ប្រចាំ​ឆ្នាំ​២០២១ និង​២០២២ សេចក្តីព្រាង​ប្រកាស របាយការណ៍​សិក្សា​ពេល​បំពេញ​ការងារ របាយការណ៍​ទស្សនកិច្ច​សិក្សា (​ថៃ និង​វៀតណាម​) ការប្រមូល និង​វិភាគ​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ការងារ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម​ជាដើម​។ ទោះបីជា​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ភស្តុភារ​កម្ម​កម្ពុជា ជំហាន​ទី​២ នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ខែមិថុនា​នេះ​ក៏ដោយ ក៏​នៅ​មាន​សកម្មភាព​សំខាន់​ៗ​ជាច្រើន​ទៀត​ចាំបាច់​ត្រូវ​បំពេញ​បន្ត ដើម្បី​លើកកម្ពស់​វិស័យ​ភស្តុភារ​កម្ម​នៅ​កម្ពុជា​។ ដោយឡែក​គម្រោង​ថ្មី​មួយ​ត្រូវបាន​គ្រោងឡើង​ដោយ​មាន​ការបន្ត​គាំទ្រ​ពី​ក្រុម​ជំនាញ​ការ​របស់​ទីភ្នាក់ងារ JICA ក្នុង​គោលបំណង​ចម្បង​ធ្វើ​យ៉ាងណា​ដើម្បី​បង្កើត​បរិយាកាស​ភស្តុភារ​កម្ម​ឱ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការបង្ក​លក្ខណៈ​ឱ្យ​មាន​កិច្ចសហការ​ពី​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​។ ទោះជា​យ៉ាងណា​ក៏ដោយ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បន្ត​ការខិតខំប្រឹងប្រែង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភស្តុភារ​កម្ម និង​ការអភិវឌ្ឍ​លើ​វិស័យ​ភស្តុភារ​កម្ម​បន្ថែម​ទៀត​៕