ការអនុវត្ដគម្រោង Port EDI (ដំណាក់កាលទី១) (P31-S1)
គម្រោងនេះត្រូវបានគេរំពឹងថានឹងពន្លឿននីតិវិធីនៃការបំពេញបែបបទចេញ-ចូលរបស់នាវា ដោយរៀបចំទម្រង់ប្រកាសឱ្យស្របតាមស្តង់ដារអន្តរជាតិ និងតាមប្រព័ន្ធកុំព្យូទ័រ (ប្រព័ន្ធបញ្ជរតែមួយ)។
ការអនុវត្ដគម្រោង Port EDI (ដំណាក់កាលទី១) មានគោលបំណងពង្រឹងសមត្ថភាពនីតិវិធីនៃការចេញ-ចូលរបស់នាវា ហើយរំពឹងថានឹងជួយសន្សំសំចៃពេលវេលាសម្រាប់នីតិវិធីប្រតិវេទន៍នាវា តាមរយៈប្រព័ន្ធបញ្ជរតែមួយដល់អង្គភាពរដ្ឋាភិបាលមួយចំនួន ដូចជាអាជ្ញាធរកំពង់ផែ អន្តោប្រវេសន៍ គយនិងរដ្ឋាករ និងចត្តាឡីស័ក។
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែជាអ្នកទទួលអនុវត្តគម្រោងខាងលើ ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលជប៉ុន។ អត្ថប្រយោជន៍សេដ្ឋកិច្ចរួមនៃគម្រោងគឺ៖ (១) ការកាត់បន្ថយពេលវេលារង់ចាំរបស់ប្រតិបត្តិករស្ថានីយ ពីព្រោះការផ្ទុក-ផ្ទេរទំនិញមិនអាចចាប់ផ្តើមបាន មុនពេលបញ្ជូនឯកសារចាំបាច់ទៅអង្គភាពពាក់ព័ន្ធ, (២) ការកាត់បន្ថយពេលវេលាចតនៅកំពង់ផែ, (៣) ការកាត់បន្ថយពេលវេលាសម្រាប់ការរៀបចំឯកសារ និងថតចម្លងឯកសារ និង (៤) ទិន្នន័យអេឡិចត្រូនិកនៃការចេញ-ចូលនាវា កាន់តែមានភាពងាយស្រួល ក្នុងការគ្រប់គ្រងហានិភ័យ និងការចងក្រងទិន្នន័យស្ថិតិ។ ជាងនេះទៅទៀតគម្រោងនេះ នឹងជួយបង្កើនការប្រកួតប្រជែងក្នុងវិស័យភ័ស្ដុភារកម្មរបស់កម្ពុជា។
បច្ចុប្បន្ន គម្រោងនេះកំពុងដំណើរការ ដោយវឌ្ឍនភាពគម្រោងសម្រេចបានជាង ៥០%។ គម្រោងមានធាតុសំខាន់ៗចំនួនបួន រួមមាន៖
- ការអភិវឌ្ឍទម្រង់បែបបទប្រតិវេទន៍ឱ្យស្របតាមទម្រង់ FAL និងការពិនិត្យឡើងវិញនូវបទបញ្ជាពាក់ព័ន្ធអំពីភ្នាក់ងាររដ្ឋាភិបាល សម្រេចបាន ៥០%
- ការអភិវឌ្ឍប្រព័ន្ធ Port EDI និងសៀវភៅណែនាំស្តីពីការប្រើប្រាស់ Port EDI (វិសាលភាពនឹងត្រូវបានកំណត់) និងដំឡើងប្រព័ន្ធសម្រាប់ទីភ្នាក់ងាររដ្ឋាភិបាល សម្រេចបាន ៥០%
- ការបណ្តុះបណ្តាលដល់អ្នកប្រើប្រព័ន្ធ Port EDI (មិនទាន់ចាប់ផ្តើម)
- រៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ដំណើរការប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ
ការអនុវត្ដគម្រោង Port EDI (ដំណាក់កាលទី១) ក៏មានជួបនូវបញ្ហាប្រឈម រួមមានដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យរាល់កិច្ចប្រជុំទាំងអស់របស់គម្រោងមិនអាចរៀបចំផ្ទាល់បាន យ៉ាងណាមិញ ក្រុមការងារក៏បានស្នើនូវដំណោះស្រាយ ដោយរៀបចំកិច្ចប្រជុំ តាមរយៈវីដេអូពីចម្ងាយ។