គម្រោងពង្រឹងសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ (P14-S1)
គម្រោងនេះ មានគោលបំណងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី, ចំណតផែពហុបំណង និងការគ្រប់គ្រងប្រតិបត្តិការ ដើម្បីបង្កើនសមត្ថភាពលើកដាក់ទំនិញ និងធ្វើឱ្យប្រសើរឡើងនូវមុខងារភ័ស្តុភារកម្មនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ គម្រោងនេះមានសមាសធាតុបីយ៉ាងដូចខាងក្រោម៖ ១) ការសាងសង់ស្ថានីយកុងតឺន័រថ្មី (ដំណាក់កាលទី១) រួមទាំងការបូមស្តារអាងនាវា និងផ្លូវចូលនាវាជម្រៅ ១៣.៨ ម និងសាងសង់ផ្លូវ និងស្ពានច្រកចូលថ្មី, ២) ការសាងសង់ស្ថានីយផែពហុបំណង, ៣) ការកែលម្អប្រតិបត្តិការ និងការគ្រប់គ្រងចំណតផែកុងតឺន័ររបស់កំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ២)។ គោលបំណងនៃគម្រោងនេះ គឺលើកកម្ពស់ និងបង្កើនសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមចំណែកពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា និងធានានូវកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ គម្រោងត្រូវបានអនុវត្តដោយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដោយទទួលបានប្រាក់កម្ចីពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងកម្មវិធីជំនួយបច្ចេកទេស។ គម្រោងនេះ ផ្តល់នូវអត្ថប្រយោជន៍រួមមាន ការកាត់បន្ថយថ្លៃចំណាយភ័ស្តុភារកម្ម, ការបង្កើនបរិមាណពាណិជ្ជកម្មឆ្លងកាត់កំពង់ផែ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការកំពង់ផែ។ ជារួម គម្រោងនេះកំពុងដំណើរការ និងសម្រេចបាន ៦៥%។ ជាក់ស្តែងសកម្មភាពគោល ស្ថិតក្រោមគម្រោងនេះមានវឌ្ឍនភាពដូចជា៖ ១) ការសាងសង់ស្ថានីយកុងតឺន័រថ្មី (ដំណាក់កាលទី ១)៖ ឈានដល់ដំណាក់កាលកែសម្រួលប្លង់លម្អិត និងរៀបចំឯកសារដេញថ្លៃ, ២) ការសាងសង់ស្ថានីយពហុបំណង៖ បានបញ្ចប់ការងារសាងសង់ ១០០% និងបានប្រតិបត្តិការតាំងពីខែមិថុនា ឆ្នាំ២០១៨,
៣) ការកែលម្អប្រតិបត្តិការ និងការគ្រប់គ្រងចំណតផែកុងតឺន័រ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ដំណាក់កាលទី ២) ៖ បានចាប់ផ្តើមអនុវត្តពីខែមេសា ឆ្នាំ២០១៨ ដោយសម្រេចបាន ៩០% នឹងគ្រោងបញ្ចប់នៅខែមករា ឆ្នាំ២០២២នេះ ។