The first meeting of the National Logistics Steering Committee (NLSC)
29 August 2019
នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកសក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម(គ.ជ.ភ) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិភស្តុភារកម្ម(គ.ជ.ភ) ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង តំណាង ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍ អ្នកជំនាញការជាតិ និងអន្តរជាតិ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងភាគីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការប្រមូលធាតុចូលបន្ថែម ក៏ដូចជាកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង ខ្លឹមសារនូវរាល់ចំណុចខ្វះខាត ដើម្បីធានាឱ្យផែនការមេជាតិភស្តុភារកម្មមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល មុននឹងដាក់ជូនទៅប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្មពិនិត្យនៅមុនដំណាច់ឆ្នាំ២០១៩នេះ ។
សូមជម្រាបផងដែរថា៖ ផែនការមេជាតិភស្តុភារកម្មនេះ នឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងរក្សា កំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំប្រកបដោយស្ថិរភាព និងមានទំនុកចិត្តខ្ពស់ ជាពិសេស ឆ្លើយតបទៅនឹងចក្ខុ វិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការអភិវឌ្ឍ និងធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ស្ពាន និងកំពង់ផែ ជាដើម ឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា នៅគ្រប់ច្រកល្ហក សំដៅឱ្យសង្វាក់នៃការដឹកជញ្ជូនប្រព្រឹត្តទៅដោយរលូន។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលរួមចំណែកយ៉ាងផុលផុសក្នុងការផ្ដល់ធាតុចូលដ៏មានសារសំខាន់ ដើម្បីធានាឱ្យផែនការមេជាតិភស្តុភារកម្មមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់លើថ្លៃសេវានៃការដឹកជញ្ជូនប្រកបដោយ ប្រសិទ្ធភាព និងសុវត្ថិភាព